ការដាំដុះដំណាំហូបផ្លែ


-ការដាំដុះដំណាំហូបផ្លែ

​ ល្មុត​ជា​ឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​កសិករ​និយម​ដាំ​ក្នុង​សួន​គ្រួសារ និង​ដាំ​ជា​ចំការ​ធំៗ ជា​ពិសេស​កសិករ​ច្រើន​ ​និយម​ដាំ​ពូជ​ក្នុងស្រុក​ដែល​បំបៅ​ដោយ​ខ្លួនឯង ។ ចំពោះ​ការ​បំបៅ​នេះ មាន​កសិករ​ជាច្រើន ដែល​មាន​បទពិសោធន៍​ប្លែកៗ ពីគ្នា ​តែ​ទទួលបាន​លទ្ធផល​ល្អ​ដូច​គ្នា ដែល​យើង​សូម​បង្ហាញ​ជូន​ដូចខាងក្រោម :
​ លោកពូ វ៉ាន់ អ៊ឹម ដែល​ជា​កសិករ​រស់នៅ​ភូមិ​ចំការ​ឌៀប ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​បទពិសោធន៍​ ​បំបៅ​មែក​ល្មុត​ដុះ​លូតលាស់​បានល្អ​ស្ទើរតែ​មួយរយ​ភាគរយ និង​មាន​ផ្លែ​កសិករ​ហៅ​ថា​មែក​បំពង់ មក​បំបៅ ។​
​ នៅលើ​មែក​បំពង់​នោះ លោកពូ​ចៀរ​សំបក​ជុំវិញ​មែក​ប្រវែង ១ តឹក ហើយ​កោស​រំអិល​ចេញ​ដើម្បី​កុំឲ្យ​រលួយ​ត្រង់​មុខ​ ​ចៀរ ។ ម្យ៉ាងទៀត តាម​បទពិសោធន៍​របស់​គាត់​ឃើញថា កាលណា​មិន​បាន​កោស​រំអិល​ចេញ វា​មិន​ដុះ​ឫស​ទេ ។ ក្រោយ​ពី​ទុក​ ​ចោល​រយៈពេល ២ ទៅ ៣ ថ្ងៃ ដើម្បី​ឲ្យ​មុខចៀរ​ស្ងួត​ទើប​គាត់​យក​ដី​ដែល​មាន​ជីជាតិ​មក​រុំ​បិទ​ ជាមួយនឹង​ថង់ប្លាស្ទិក ដោយ​ចងរិត​ ​ឲ្យ​ណែននៅ​ផ្នែក​ខាងលើ កណ្តាល ខាងចុង ។ បន្ទាប់មក លោកពូ​ចាប់ផ្តើម​បន្តក់​ទឹក​ជាប់​ជា​រៀងរាល់ថ្ងៃ រហូត​ដល់​ដុះ​ចេញ​ឫស​ ​សៗ ទើប​គាត់​ពន្យារ​ការ​បន្តក់​ទឹក​មក​នៅត្រឹម ២ ទៅ ៣ ថ្ងៃ​ម្តង ។​
​ ក្រោយ​ពី​បំបៅ​ហើយ​រយៈពេល​មួយ​ខែ គាត់​សង្កេត​ឃើញ​ឫ​សសៗ ដុះ​ចេញមក ហើយ​គាត់​បន្ត​ទុក​រហូត​ដល់ ២ ឬ ៣ ខែ​ទៀត ទើប​កាត់​យក​ទៅ​ដាំ ។ កាលណា​យើង​ឆាប់​កាត់​យក​ទៅ​ដាំ​ពេក​អាច​បណ្តាល​ឲ្យ​ដើ​មអន់ ។​
​ ចំពោះ​បទពិសោធន៍​របស់​លោក​ពូ ប្រាក់ ច្រេស ដែល​រស់នៅ​ភូមិ​តា​សួន ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្ត​ ​តាកែវ​វិញ ក៏​មាន​បទពិសោធន៍​ល្អ​ដែរ ។ ក្នុង​ការជ្រើសរើស​មែក​បំបៅ គឺ​គាត់​ជ្រើសរើស​មែក​បំពង់​ដូចគ្នា ។ ប៉ុន្តែ​ក្រោយពី​ចៀរ​ ​សំបក​ក្រឡឹង​ជុំវិញ​មែក​ប្រវែង​កន្លះ​តឹក​ហើយ គាត់​យក​ខ្លាញ់គោ (​ខ្លាញ់​ដុំ​) មក​ជូត​កន្លែង​ចៀរ​សំបក​ដើម្បី​ឲ្យ​ឆាប់​ដុះ​ឫស រួច​យក​ដី​ ​ដែល​មាន​ជីជាតិ​មក​បិទ បន្ទាប់មក​យក​ស្រកីដូង​មក​រុំ​ចង​បិទ​ពី​ក្រៅ​ឲ្យ​ជាប់ ចង​សងខាង ។​
​ ក្រោយ​ពី​បំបៅ​ហើយ​ភ្លាម លោកពូ​បន្តក់​ទឹក​ព្រឹកល្ងាច​រយៈពេល​មួយអាទិត្យ រួច​ពន្យារ​ការ​ស្រោច​ទឹក​ពីរ​បី​ថ្ងៃ​ម្តង ។ ​ការ​បំបៅ​នេះ ទុក​រហូត​ដល់​មួយ​ខែ​កន្លះ ទៅ ២ ខែ ទើប អាច​កាត់​យក​ទៅ​ដាំ​បាន។​
​ លោកពូ​បាន​បញ្ជាក់​ប្រាប់ថា ការចង​រុំ​ស្រោប​ពីលើ​ដី​យើង​អាច​ប្រើ​ស្រកីដូង ឬ​ថង់ប្លាស្ទិក​ក៏បាន ។ ប៉ុន្តែ​យក​ល្អ​ប្រើ​ ​ស្រកី​ដូង ព្រោះ​វា​ងាយ​ជប់​ទឹក​ធ្វើឲ្យ​មាន​សំណើ​មជាប់ ហើយ​កាត់បន្ថយ​ការ​ស្រោច​ទឹក ។ ចំពោះ​ការ​លាប​ខ្លាញ់​គោ គឺ​ជំនួយ​ ​ឲ្យ​ឆាប់​ដុះ​ឫស ។​
​ សរុបមក តាម​បទពិសោធន៍​របស់​កសិក​រទាំង​ពីរ ដើម្បី​បំបៅ​មែក​ល្មុត​ឲ្យ​ដុះ​បានល្អ យើង​ត្រូវ​កត់សំគាល់​លើ​លក្ខណៈ​ ​មួយចំនួន​ដូច​ខាងក្រោម :​
  • ជ្រើសរើស​យក​មែក​បំពង់មក​បំបៅ​
  • កោស​រំអិល​ចេញ​នៅ​មុខ​ដែល​ត្រូវ​បំបៅ កុំឲ្យ​ដោយសា​ច់ឈើ ។ កោស​ហើយ​អាច​ទុក​ឲ្យ​ស្ងួត ឬ​លាប​ខ្លាញ់​គោ​ ​ ​
  • យក​ដី​មាន​ជីជាតិ​ច្រើន​មក​រុំ​បិទមុខ​បំបៅ​ ​ ​
  • ចង ​រុំ​ប្លា​ស្ទិក​ឲ្យ​ណែន ឬ​ប្រើ​ស្រកី​ដូង យក​ល្អ​ប្រើ​ស្រកីដូង​ធ្វើ​ជា​ឧបករណ៍​រុំ​ចង​មុខ​បំបៅ ព្រោះ​វា​ងាយ​ជក់ទឹក​ ​ជាង​ស្បោង​ប្លា​ស្ទិក​ ​ ​
  • បន្តក់​ទឹក​ឲ្យ​សើម​រៀងរាល់ថ្ងៃ​រយៈពេល​មួយអាទិត្យ ទើប​បន្ថយ​ការ​ស្រោច​ទឹក ២ ទៅ ៣ ថ្ងៃ​ម្តង​ ​ ​
  • បន្ថយ​ការ​ស្រោច​ទឹក នៅពេល​ដែល​ឃើញ​មុខ​បំបៅ​ដុះ​ពន្លក​ឫ​សសៗ៕ 
  • បច្ចេកទេស​ដាំ​ឪឡឹក​នៅ​តំបន់​ខ្ពង់រាប   ចំពោះ ​បទពិសោធន៍​នៃ​ការដាំ​ឪឡឹក​យើងខ្ញុំ​បាន​ចុះផ្សាយ​ជាច្រើន​មក​ហើយ ប៉ុន្តែ​ជា​បទពិសោធន៍​នៅ​តំបន់​ទំនាប ។ នៅ​លេខ​នេះ ខ្ញុំ​សូម​បង្ហាញ​ជូន​បទពិសោធ​ន៍​នៃ​ការដាំ​ឪឡឹក​នៅ​តំបន់​ខ្ពង់រាប​វិញ​ ម្តង បទពិសោធន៍​នេះ​ជា​របស់​លោក​ពូ នាង បូរី រស់​នៅក្នុង​ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនគីរី។ គាត់​ដាំ​ឪឡឹក​បាន​ទទួល​ផល​យ៉ាងច្រើន
    ១. ការរៀបចំ​ដី :
    ដោយសារ ​នៅ​តំបន់​ដែល​លោកពូ​រស់នៅ ជា​តំបន់​ព្រៃ​ភ្នំ​ដូច្នេះ​មាន​ការពិបាក​ក្នុងការ​ភ្ជួរ​រាស់​មុន​ដាំ លោកពូ​បាន​កាប់​​ឆ្ការព្រៃ ដុត​កាកសំណល់​រុក្ខជាតិ ។ បន្ទាប់​មក​កាប់​រណ្តៅ​ជា​ជួរ​ហាល​ចោល​ចំនួន ៥ ថ្ងៃ ទើប​យក​ជី​ទៅ​ច្របល់​ដាក់​ក្នុង​រណ្តៅ​​ដាំ​តែម្តង ។ ចំពោះ​ជី គាត់​លាយ​លាមក​គោ​ចំនួន ១ គីឡូ​កន្លះ ផេះ​កន្លះ​គី​ឡូ និង​ជីអ៊ុយរ៉េ និង​លាយ​ជី​ខ្មៅ(១៦-២០-០)ចំនួន៣​ខាំដាក់​ក្នុង ១ រណ្តៅ ។ តែ​ជី​ទាំងអស់​នេះ​លាយ​ក្នុងពេល​តែមួយ មុន​នឹង​យកទៅ​ដាក់​ក្នុង​រណ្តៅ ។​
    ២. របៀប​ដាំ :
    ក្នុង ​ការដាំ​លោកពូ​បាន​កប់​គ្រាប់​ចំនួន ៦ គ្រាប់ ក្នុង​មួយ​រណ្តៅ​លុះដល់​ពេល​គាត់​ដកចេញ​ទុក​តែដើ​មណា ដែល​ថ្លោស​​រឹងមាំ​ល្អ ៣ ដើម​ក្នុង ១ រណ្តៅ ។ ចំពោះ​គំលាត​គុម្ព​ពី​រណ្តៅ​មួយ​ទៅ​មួយ ៧ តឹក និង​ពី​ជួរ​មួយ​ទៅមួយ ៧ តឹក ដែរ ។​
    ៣. របៀប​ថែទាំ :
    បន្ទាប់ ​ពី​ដាំ​បាន​រយៈពេល ១៨ ថ្ងៃ គាត់​បាន​ថែម​ជី​កែង​មួយ​រណ្តៅ ២​ស្លាបព្រា​បាយ​រោយ​ជុំវិញ​រណ្តៅ​ដោយ​ឲ្យ​ឃ្លាត​​ពី​គល់​បន្តិច ។ រយៈពេល ១០ ថ្ងៃ​ក្រោយ​ពី​ដាក់​ជី គាត់​បាន​ស្រោច​ជី​ទឹក ដែល​បាន​ផ្សំ​ពី​ផេះ និង​ជី​កែង ដោយ​ផ្សំ​ជី​កែង​ចំនួន ២.៥​គីឡូក្រាម ផេះ ៤ គីឡូក្រាម និង​ទឹក ៣០ លីត្រ ។
    ក្រោយ​ពេល​ដាំ​បាន​រយៈពេល ៣៥ ថ្ងៃ គាត់​ចាប់ផ្តើម​ដើរកាត់​ត្រួយ​ចេញ (​ត្រួយ​ដើម​មេ​ក៏​កាត់ចោល​ដែរ​) ដោយ​ក្នុង ១ ដើម ទុក​តែ ២ ខ្នែង​ខាងដើម ។ ការ​កាត់​ត្រួយ​នេះ ដើម្បី​កុំឲ្យ​ដើមដង​លូតលាស់​ល្អពេក ឲ្យ​ជី​ទៅ​ចិញ្ចឹម​ដល់​ផ្លែ ហើយ​ខ្នែង​​បន្ទាប់​ទៀត ។ ជាពិសេស​ទៅទៀត នៅពេល​ឪឡឹក​ចេញ​ផ្លែ គាត់​ទុក​ផ្លែ​តែមួយ​ប៉ុណ្ណោះ​ក្នុង ១ ដើម ទោះបី​ផ្លែ​ទាំងនោះ​មាន​ទំហំ​​ប៉ុនគ្នា​ក៏ដោយ ។ ចំពោះ​ការ​បោចស្មៅ និង​ស្រោច​ទឹក​គាត់​បាន​ធ្វើ និង​ស្រោច​ជា​រៀងរាល់ថ្ងៃ ព្រឹក​-​ល្ងាច​ចាប់តាំងពី​ពេល​ដាំ​រហូត​​ដល់​មុន​បេះ​ផ្លែ ៥ ថ្ងៃ ។​
    ៤. ការប្រមូល​ផល :
    ដំណាំ ​ឪឡឹក​អាច​ប្រមូល​ផល​ក្រោយពី​ដាំ​បាន​រយៈពេល ៦០ ថ្ងៃ ។ ក្នុង​ការប្រមូល​ផល លោកពូ​ទទួលបាន​ជា​មធ្យម ៣ ផ្លែ​ធំៗ ក្នុង​មួយ​រណ្តៅ ព្រោះ​មួយ​រណ្តៅ​មាន ៣ ដើម ។ ការខូចខាត​គឺមាន​ខ្លះ​ដោយសារ​ឪឡឹក​ទទួល​នូវ​ជំងឺ តែ​ទោះ​បី​យ៉ាង​​ណាក៏ដោយ​ឪឡឹក​របស់​លោក​ពូ​បាន​ទទួលផល​ល្អប្រសើរ ហើយ​ពុំ​សូវ​មាន​ជំងឺ ឬ​ការខូចខាត​គួរឲ្យ​ចាប់អារម្មណ៍​ទេ ។​
    ​សរុបមក បច្ចេកទេស​ដាំ​ឪឡឹក​របស់​លោក​ពូ មាន​:
  • កាប់​រណ្តៅ​ជា​ជួរ​ហាល​ចោល​ចំនួន ៥ ថ្ងៃ
  • ដាក់​ជី​ទ្រាប់​បាត​លាមក​គោ និង​ជីគីមី​ខ្លះ​មុន​ដាំ​
  • ពេល​កូន​ឪឡឹក​ដុះ​ត្រូវ​ដក​រំ​លោះ​កូន​ចេញ​ខ្លះ ទុក​តែ ២ ទៅ ៣ ដើម​ក្នុង​មួយ​រណ្តៅ​
  • ប្រើ​ជី​បំប៉ន​នៅពេល​ឪឡឹក​អាយុ​បាន ១៨ ថ្ងៃ (​ផេះ + ជី​កែង​)
  • ឪឡឹក​អាយុ​បាន ៣៥ ថ្ងៃ កាត់​ត្រួយ​ចេញ ទុក​តែ ២ ខ្នែង​ខាងដើម​
  • ផ្លែ​ក្នុង​មួ​យ​ដើម​ទុក​តែ​មួយ ដោយ​ជ្រើសរើស​ផ្លែ​ណា​ដែល​ល្អ ធំជាងគេ
  • ស្រោច​ទឹក​រៀងរាល់ថ្ងៃ ព្រឹកល្ងាច ចាប់ពី​ដាំ​រហូតដល់​មុន​បេះ​ផ្លែ ៥ ថ្ងៃ ៕
  •  របៀប​ដាំ​ចេកពងមាន់ ល្ហុង និង​សាលាដ៍​ប៉ិ លើដី​តែ​មួយ
    លោកពូ បូ ជា​កសិករ​រស់នៅ​ភូមិ​បោះ​អង្កាញ់ ឃុំ​ព្រែក​ថ្មី ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។ គាត់​មាន​បទពិសោធន៍​​ដាំ​ដំណាំ​បាន​ផល​ល្អ ជាពិសេស ការដាំ​ចំរុះ​ចេក​ពងមាន់ ល្ហុង និង​សាលាដ៍​ប៉ិ​លើដី​តែមួយ ។បទពិសោធន៍​របស់​លោក​ពូ​មាន​ដូច​​ខាងក្រោម :
    ១. របៀប​រៀបចំ​ដី​ដាំ :
    ចំពោះ ​ការរៀបចំ​ដី លោកពូ​បាន​ភ្ជួរ​ដី​ហាល​ចោល​រយៈពេល ២ ទៅ ៣ ថ្ងៃ ។ ក្រោយមក​គាត់​ចាប់​កាប់​ដី បំបែក​ដក​​យក​ស្មៅ​ចេញ ទើប​ចាប់ផ្តើម​លើក​ជា​រង​សំរាប់​ទុក​ដាំ​សាលាដ៍​ប៉ិ និង​ល្ហុងចំណែក​ដំណាំ​ចេក​គាត់​ដាំ​នៅ​ចន្លោះ​រង ។​រង​ដំណាំ​របស់​​គាត់​នីមួយៗ មាន​ទទឹង ៨ តឹក បណ្តោយ​តាម​ស្ថានភាព​ដី និង​កំពស់​រង​ប្រហែល ២ តឹក ។ ចន្លោះ​ពី​រង​មួយ​ទៅ​មួយ ៥ តឹក ។​
    ២. របៀប​ដាំចេក :
    ចំពោះ ​ដំណាំ​ចេក លោកពូ​បាន​កាប់​រណ្តៅ​ដាំ​នៅតាម​ចន្លោះ​រង​ចំងាយ​ពី​ដើម​មួយ​ទៅ​ដើម​មួយ ២ ម៉ែត្រ និង​ជីករណ្តៅ​​ទំហំ ៥ តឹក​បួន​ជ្រុង ជំរៅ ៥ តឹក ។ នៅ​បាត​រណ្តៅ​គាត់​ដាក់​សំរាម​ស្លឹកឈើ​នៅ​បាត​ខាងក្រោមបន្ទាប់មក​ដាក់​ អាចម៍គោ​ក្រៀម​​លាយ​ជាមួយ​ដី រួច​ទើប​ដាក់​កូន​ចេក​ដាំ ។ កូន​ចេក​ដែល​ត្រូវ​ដាំ​គាត់​កាត់​ធាង​ចេញ​ខ្លះ​ដោយ​ទុក​តែ ២ ទៅ ៣ ធាង​ប៉ុណ្ណោះ ព្រោះ​ ​កាលណា​ខ្យល់​បក់​ខ្លាំង នាំ​ឲ្យ​ដើម​ចេក​ទ្រេត (​រលើង​ឫស​) ។ ក្រោយ​ពី​ដាំ​ហើយ គាត់​ប្រមូល កំប្លោក សំរាម ចំបើង​មក​គ្រប​គល់​​ចេក​ដើម្បី​ឲ្យ​ត្រជា​ក់គល់ និង​ជប់​សំណើម​បានយូរ ។​
    ៣. របៀប​ដាំ​ល្ហុង :
    ក្រោយ ​ពី​ដាំចេក​បាន​រយៈពេល​មួយ​ខែ​មក គាត់​ចាប់ផ្តើម​ដាំ​ល្ហុង​បន្ត ។ ចំពោះ​ល្ហុង គាត់​ដាំ​នៅលើ​រង ប៉ុន្តែ​លើ​កៀន​​សងខាង​ចន្លោះ​ពី​ដើម​មួយ​ទៅ​មួយ ១ ម៉ែត្រ​កន្លះ ហើយ​ជីករណ្តៅ​ទំហំ ២ តឹក​បួន​ជ្រុង និង​ជំរៅ ២ តឹក ។ នៅ​បាត​រណ្តៅ​គាត់​​ដាក់​សំរាម អាចម៍គោ​ក្រៀម ដូច​រណ្តៅ​ចេក​ដែរ ។ មុន​ដាក់​ដាំ​កូន​ល្ហុង​គាត់ កួច​ឫសកែវ​ចូលគ្នា​សិន​ទើប​ដាក់​ដាំ ។ ធ្វើ​របៀប​នេះ ទើប​ដើម​ល្ហុង​មាន​កំពស់​ទាប និង​ផ្លែ​ច្រើន ។​
    ៤. របៀប​ដាំ​សាលាដ៍​ប៉ិ :
    ក្រោយ​ពី​ដាំ​ល្ហុង​បាន​ពី ១០ ទៅ ១៥ ថ្ងៃ​មក គាត់​ចាប់​ដាំ​សាលាដ៍​ប៉ិ នៅលើ​រង​ដែលមាន​ចន្លោះ​គុម្ព ១ តឹក ។​
    ៥. របៀប​ថែទាំ :imags00001
    ក្នុង ​ការថែទាំ​លោកពូ​បាន​យកចិត្តទុកដាក់​ស្រោច​ទឹក ដក​ស្មៅ ចាប់​សត្វល្អិត​ជាប្រចាំ ។ ចំពោះ​ការស្រោចស្រព គាត់​ប្រើ​ទុយ​យោ​ទាញ​បាញ់ស្រោច​លើ​រង​ដំណាំ ដោយ​ក្នុង ១ ថ្ងៃ​ស្រោច​ចំនួន ២ ដង​នៅ​ពេល​ដាំ​ដំបូង ។ លុះ​ដល់​ចេក ល្ហុង​ចាប់​​ឫស​រឹងមាំ គាត់​បន្ថយ​ការ​ស្រោច​ទឹកតែ ១ ថ្ងៃ​ម្តង ។ ព្រោះ​ដោយសារ​នៅតាម គល់​ដំណាំ​គាត់​បាន​ប្រមូល​កំប្លោក​ចំបើង​គ្រប​គល់​​ដែល​ធ្វើឲ្យ​ជប់​សំណើ​ មបាន​យូរ ។​
    ចំណែក ​សត្វល្អិត​វិញ គាត់​សង្កេត​ឃើញ​ច្រើន​បំផ្លាញ​នៅលើ​ដំណាំ​សាលាដ៍​ប៉ិ មានដូចជា ដង្កូវ​យោង​ទោ​ង ដង្កូវ​ដី បន្តិចបន្តួច​ប៉ុណ្ណោះ​ដែល​អាច​ធ្វើការ​ចាប់​ដោយ​ដៃ​បាន ។ ការ​កំចាត់​នេះ​ធ្វើឡើង​នៅពេល ព្រឹក​ព្រលឹម មុន​ស្រោច​ទឹក ពេលដែល​​ដង្កូវ​ចេញ​មក​បំផ្លាញ ។​
    តាម​បទពិសោធន៍​របស់​លោក​ពូ​កន្លងមក បានឲ្យដឹងថា :
  • ការដាំ ​ចំរុះ​នេះ​ពុំ​សូវ​មាន​ការបំផ្លាញ​ពី​សត្វល្អិត ដូចជា​ដាំ​សាលាដ៍​ប៉ិតែ​ឯង​ទេ ។ ការដាំ​សាលា​ដ៍​ប៉ិតែ​ឯង​សត្វល្អិត​មាន​ច្រើន​រហូត​​ដល់​មិនអាច​កំចាត់​ដោយ​ ដៃ​បាន​ទេ ទោះបី​យើង​ដាំ​ចំរុះ​ជាមួយ​ដំណាំ​ផ្សេង​ទៀត​ក៏​ដោយ ព្រោះ​វា​មិនសូវ​ឲ្យ​ផល ។ យើង​ត្រូវ​ប្តូរ​មុខ​​ដំណាំ​ចំរុះ​ផ្សេង​ទើប​ប្រសើរ ។​
​សរុបមក ការ​ដាំ​ដំណាំ​ចំរុះ​របស់​លោក​ពូ មាន​លក្ខណៈ​ពិសេស​ដូចខាងក្រោម :
  • រៀបចំ ​ប្លង់​ដាំ​បាន​ល្អ ( ចេក​ដាំ​នៅ​ចន្លោះ​រង ល្ហុង​ដាំ​នៅ​សង​ខាង​រង និង​ចន្លោះ​ដើម​ចេក សាលាដ៍​ដាំ​នៅ​កណ្តាល​រង ) ដែល​ធ្វើឲ្យ​ពន្លឺ​អាច​ចាំង​ចូល​បាន​គ្រប់គ្រាន់ និង​មិន​សូវ​មាន​ការបំផ្លាញ​ពី​សត្វល្អិត​
  • រៀបចំ​រណ្តៅ​ដាំ​បានល្អ ដោយ​មាន​ដាក់​សំរាម ស្លឹក​ឈើ និង​អាចម៍គោ​ក្រៀម​នៅ​បាត​រណ្តៅ​
  • ប្រើ ​គំរប​គ្រប​គល់​ដំណាំ​ដែល​ធ្វើឲ្យ​គល់​ត្រជាក់ ជប់​សំណើម​បានយូរ កាត់បន្ថយ​ការ​ស្រោច​ទឹក ហើយ​គំរប​នោះ​​នឹង​រលួយ​ក្លាយទៅជា​ជី​ធ្វើឲ្យ​ដំណាំ​លូតលាស់​បានល្អ
  • មានបទពិសោធន៍​ដាំ ដូចជា កួច​ឫសកែវ​ល្ហុង​មុន​ដាក់​ដាំ ដើម្បី​ឲ្យ​ល្ហុង​មាន​ដើម​ទាប ផ្លែ​ច្រើន​
  • កាត់​ធាងចេក​ចោល​ខ្លះ ទុក​តែ ២ ទៅ ៣ ធាង នៅ​ពេល​ដាំ ដើម្បី​កុំឲ្យ​ដើមទ្រេត​នៅពេលមាន​ខ្យល់​បក់៕
  •  ប​ចេ្ច​ក​ទេស​ដាំ​ដំណាំ​ត្រសក់ផ្អែម ត្រសក់ផ្អែម ឬ​មី​ឡុង​ជា​ដំណាំ​ដែល​មិនសូវមាន​ការដាំដុះ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ ។ ប៉ុន្តែ កសិករ​នៅ​តំបន់​មួយចំនួន​និយម​ដាំ ព្រោះ​មានការ​និយម​ចូលចិត្ត បរិភោគ និង​មាន​តំលៃ​ថ្លៃ​នៅលើ​ទីផ្សារ។ យ៉ាងណា​ម៉ិ​ញ​បងស្រី យឿ​ប សុខា អាយុ ៤៤ ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​អង្គ ឃុំ​អូរ​ចារ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ គាត់​មានបទពិសោធន៍​ល្អ​ក្នុង​ការដាំ​ដំណាំ​ត្រសក់ផ្អែម ។ បច្ចេកទេស​ដាំ​នេះ គាត់​បាន​ចេះ​ពី​អ្នកជិតខាង និង​បាន​សាកល្បង​ដាំ​រយៈពេល ១ ឆ្នាំ​កន្លងមកហើយ ។ រហូតមកដល់​ពេលនេះ មាន​កសិករ​ចំនួន ៥​គ្រួសារ ដែល​នៅ​ជិត​ផ្ទះ​គាត់​បាននាំគ្នា​ដាំ​ដែរ ។ ចំពោះ​បទពិសោធន៍​នៃ​ការដាំ​នេះ​សូម​បង្ហាញជូន​ដូចខាងក្រោម '
    ១-​ការជ្រើសរើស​ដី​ដាំ និង​ការរៀបចំ​ដី​
    ដី​ដែល​ត្រូវ​ដាំ​ត្រសក់ផ្អែម គាត់​បានជ្រើសរើស​ដី​ខ្ពស់​មិន​លិច​ទឹក​នៅ​រដូវវស្សា​តែ​ចំពោះ​រដូវប្រាំង​ អាច​ដាំ​នៅលើ​ដីស្រែ ប៉ុន្តែ​ត្រូវ​នៅ​ជិត​ប្រភពទឹក​ដើម្បី​ងាយស្រួល​ក្នុងការ​ស្រោចស្រព ។ មុន​ដាំ​គាត់​បាន​ភ្ជួរ​ដី​ហាល​ចោល ១​សប្តាហ៍ ។ បន្ទាប់មក បាច​ជី​លាមក​សត្វ​ពុកផុយ ឬ​ជី​កំ​ប៉ុ​ស្ត រួច​ភ្ជួរ​បង្កប់​ជី​ទៅក្នុង​ដី ទុកចោល​រយៈពេល ២ ថ្ងៃ ទើប​រាស់​ឲ្យ​ស្មើ​រូ​ច​កាប់​ជា​រណ្តៅ​ដាំ​ដោយ​ទុកចន្លោះ ពីរ​ណ្តៅ​មួយ ទៅ​រណ្តៅ​មួយ ៣​តឹក ។​
    ២-​ការជ្រើសរើស​ពូជ​
    ពូជ​ត្រសក់​ដែល​គាត់​ដាំ​មាន ៣ ប្រភេទ :
  • ពូជ​សាច់​ពណ៌​លឿង​(​សូ​វ៉ិ​ត​) នាំ​មកពី​ប្រទេស​ថៃ​
  • ពូជ​សំបក​លឿង សាច់​ពណ៌​ខៀវ​(​ពូជ​ស៊ី​ថង​) នាំ​មកពី​ប្រទេស​ថៃ​
  • ពូជ​សំបក​ខៀវ សាច់​ខៀវ​(​ពូជ​តាខាយ​) នាំ​មកពី​ប្រទេស​ចិន។ គាត់​ដាំ​ត្រសក់​ទាំង ៣​ពូជ​នេះ តម្រូវ​ទៅតាម​ទីផ្សារ។​
៣-​ការបណ្តុះ​កូន​musk-melon3
មុន​ដាំ គាត់​បាន​យក​គ្រាប់​ទៅ​បណ្តុះ​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក ។ គាត់​បាន​លាយ​ដី​ជាមួយ​ជី​កំ​ប៉ុ​ស្ត​ច្របល់​ឲ្យ​សព្វ ដាក់ចូល​ក្នុង​ថង់​រួច​យក​គ្រាប់​ទៅ​បណ្តុះ​ដោយ​ដាក់ ១ គ្រាប់​ក្នុង​មួយថង់ ។ បណ្តុះ​កូន​រួច ត្រួវ​គ្រប​វា​រយៈពេល ៣ ថ្ងៃ ៣​យប់ និង​ស្រោច​ទឹក​ថែទាំ​រហូតដល់​រយៈពេល ១០​ថ្ងៃ ទើប​អាចយ​កកូន​ទៅ​ដាំ​ក្នុង រណ្តៅ ។​
៤-​ការដាំ​
មុន​ដាំ គាត់​បានរៀបចំ​រណ្តៅ​ដោយ​ដាក់​ជី​កំ​ប៉ុ​ស្ត ឬ​ជី​លាមក​មាន់ (​ទ្រាប់​បាត​) ក្នុង​មួយ​រណ្តៅ ១ បង្គី ដោយ​ដាំ​ចន្លោះ​ពី​គុម្ព​មួយ ទៅមួយ ៣​តឹក ។ ពេល​ដាំ​រួច ត្រូវ​ស្រោច​ទឹក​បន្ទាប់មក​យក​កៅស៊ូ​ប្លា​ស្ទិ​កមក​គ្របពីលើ​រង​(​កៅស៊ូ​នោះ ​ចោះ​រន្ធ​តូចៗ​ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញចូល​) ។ ការ​គ្រប​កៅស៊ូ​នេះ គឺ​ដើម្បី​ការពារ​ដី​មាន​សំណើម​និង​មិនមាន​សត្វល្អិត​បំផ្លាញ ព្រមទាំង​មិន​ឲ្យ​ស្មៅ​ដុះ​ផង ។​
៦-​ការថែទាំ​
ក្នុង​មួយថ្ងៃ​គាត់​ស្រោច​ទឹក ១ ដង ។ នៅពេល​ត្រសក់​ដុះ​បាន​អាយុ​ពី ២០-៣០​ថ្ងៃ ត្រូវដាក់​ជី​បំប៉នបន្ថែម​ដោយ​ប្រើ​ជីលា​មក​មាន់ និង​ជី​កំ​ប៉ុ​ស្ត​(​ដាក់​ជី​បំប៉ន​នៅ​ចន្លោះ​រង​) ។ ត្រសក់​ដុះ​បាន ៧​សន្លឹក ត្រូវធ្វើ​ការចង​ទ្រើង​ឲ្យ​ត្រសក់​វារ​ឡើង ។ នៅពេល​កូន​ត្រសក់​មាន​ស្លឹក ១៤ គាត់​បេះ​ខ្នែង ដែលមាន​ក្រោម​ស្លឹក​ទី​៤ នោះ​ចោល ។ នៅលើ​សន្លឹក​ទី​១៤ នោះ​ត្រូវ​ទុក ខ្នែង ៣ វិញ​សំរាប់​ទុក​យក​ផ្លែ ។ ហើយ​នៅ​ពីលើ​ខ្នែង​ទាំង ៣ ដែល​ទុក​នោះ បើ​មាន​ខ្នែង​ផ្សេងទៀត​ដុះ​មក​ត្រូវ​បេះ​វា​ចោល ។ តាម​ការសង្កេត​របស់​គាត់ ត្រសក់​ផ្លែ​ល្អ នៅ​ចន្លោះ​ខ្នែង​ទី​១៤ នេះ​ទៅដល់​ខ្នែង ១៦ ។ លើ​ខ្នែង​ទាំងបី​នេះ​មាន​ផ្លែ ៣ តែ​យើង​ត្រូវ​ទុក​តែមួយ​ផ្លែ​ទេ ដោយ​ជ្រើសរើស​ផ្លែ​ណា​ដែល​ល្អ​ជាងគេ។ ត្រសក់​ច្រើន​ជួបប្រទះ​បញ្ហា ដង្កូវ​ចោះ​ស្លឹក និង​ជំងឺ​ស្លឹក​ក្រហម ។ ក្នុងការ​ទប់ទល់​ជាមួយ​សត្វល្អិត​បំផ្លាញ គាត់​បាន​ប្រើ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​ដូចខាងក្រោម :
+​ធាតុ​ផ្សំ​មាន :
- គ្រាប់​ប៉ិកួៈ ៥​គីឡូក្រាម គ្រាប់​ស្លាក់ ៥ គីឡូក្រាម គ្រាប់​ស្លែង ៥ គីឡូក្រាម បណ្តូល​ពេជ្រ ១០​គីឡូក្រាម ។​
+​វិធី​ធ្វើ :
-​ យក​ធាតុ​ផ្សំ​ខាងលើនេះ​មក​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ រួច​ដាក់​ក្នុង​ពាង បន្ទាប់មក​ចាក់ទឹក​ដា​ក់​ត្រាំ ចំនួន ២៤០ លីត្រ ទុក​រយៈពេល ១៥​ថ្ងៃ ទើប​អាច​យកទៅ​ប្រើប្រាស់​បាន ។ ក្នុង​រយៈពេល​រក្សាទុក គាត់​បើក​គម្រប​ពាង​កូរ ១​ថ្ងៃ​ម្តង ដើម្បី​ឲ្យ​ថ្នាំ​ឆាប់​កាច់ ។
+​វិធី​ប្រើប្រាស
-​ នៅពេល​ប្រើ គាត់​បាន​យក​ទឹក​ថ្នាំ ៣​លីត្រ លាយ​ជាមួយ​ទឹក​ធម្មតា​ចំនួន ២០ លីត្រ​ស្រោច​ទៅលើ​ត្រសក់ (​ស្រោច​នៅពេល​ល្ងាច​) ។ ថ្នាំ​នេះ អាច​បណ្តេញ​សត្វ​បាន​គ្រប់​ប្រភេទ​នៅលើ​ដំណាំ​ត្រសក់ផ្អែម ។​
៧-​ការប្រមូល​ផល​
ត្រសក់ផ្អែម ​អាច​ប្រមូល​ផល​បាន នៅ​អាយុ ៦០-៧០​ថ្ងៃ​ក្រោយពី​ដាំ ។ នៅលើ​ផ្ទៃដី ២​អារ គាត់​ដាំ​គ្រាប់​អស់ ៦​កំប៉ុង អស់​ទឹកប្រាក់ ៧២០.០០០​រៀល ។ ចំណែក​ប្រាក់ចំណូល​គាត់ ទទួលបាន​គិត​ជា​មធ្យម ៧០០ ដុល្លារ ក្នុង​មួយ​រដូវ​នៃ​ការដាំ​រយៈពេល ៦០​ថ្ងៃ ។
សរុបមក​បច្ចេកទេស​សំខាន់ៗ​ក្នុង​ការដាំ​ត្រសក់ផ្អែម​មាន :
  • ដាំ​លើដី​ខ្ពស់ ជៀសវាង​ការ​ជាំ​ទឹក​នៅ​រដូវវស្សា​
  • ភ្ជួរ​ដី​ហាល​ឲ្យ​ស្ងួត និង​ប្រើ​ជី​លាមក​សត្វ​ពុកផុយ​ទ្រាប់​បាត ។​
  • កាប់​រណ្តៅ​ដោយ​ទុកចន្លោះ​ពីរ​ណ្តៅ​មួយ​ទៅមួយ ៣​តឹក​
  • លាយ​ដី​ជាមួយ​ជី​កំ​ប៉ុ​ស្ត​ច្របល់​ឲ្យ​សព្វ​ដាក់​ក្នុង​កូន​ថង់​សំរាប់​បណ្តុះ
  • ជីករណ្តៅ​ដាំ​ដោយ​ដាក់​ជី​កំ​ប៉ុ​ស្ត ១ បង្គី ក្នុង​មួយ​រណ្តៅ
  • ជ្រើសរើស​កូន​ត្រសក់​ថ្លោសៗ​មក​ដាក់​ដាំ​ក្នុង​រណ្តៅ
  • ក្រាល​កៅស៊ូ​ប្លា​ស្ទិ​កលើ​រង​ក្រោយពី​ដាំ​រួច ដើម្បី​ការពារ​កុំ​ឲ្យ​ហួត​សំណើម និង​ដុះ​ស្មៅ​
  • ទុក​ត្រសក់​ឲ្យ​ផ្លែ​នៅ​ចន្លោះ​ខ្នែង​ទី​១៥ និង​ទី​១៦ ដោយ​ទុក​តែមួយ​ផ្លែ​
  • ថែទាំ​ស្រោច​ទឹក និង​ដាក់​ជី​បំប៉ន ព្រមទាំង​បេះ​ខ្នែង​ខ្លះ​ចោល
  • ​ប្រើ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ គ្រាប់​ប៉ិកួៈ ស្លាក់ ស្លែង និង​បណ្តូល​ពេជ្រ​នៅពេល​មាន​សត្វល្អិត​បំផ្លាញ ។
  •  បទពិសោធន៍ដាំស្វាយចន្ទី
    ១. ការដាំ និងការរៀបចំរណ្តៅដាំ
    ក្នុងការដាំស្វាយចន្ទីនេះ គាត់បានដាំនៅលើដីព្រៃ ។ ក្រោយពីរានរួច គាត់បានកាប់រណ្តៅទំហំ ១ម៉ែត្រ បួនជ្រុង និងជំរៅ ១ម៉ែត្រ ។ នៅក្នុងរណ្តៅគាត់បានដាក់សំរាម ស្លឹកឈើងាប់ៗ លាមកសត្វ និងដីព្រៃ (ដីស្រទាប់លើ) ។ គាត់បានជីករណ្តៅជាជួរដោយទុកចន្លោះគុម្ព ៦ម៉ែត្រ និងចន្លោះជួរ ៩ម៉ែត្រ ។ ក្រោយពីជីករណ្តៅហើយ គាត់បានយកគ្រាប់ស្វាយចន្ទីទៅដាក់ដាំក្នុងរណ្តៅតែម្តង ។
    ២. ការថែទាំ
    ក្រោយពីដាក់គ្រាប់ដាំហើយគាត់បានធ្វើការស្រោចទឹករហូតដល់ដុះ ។ គាត់បន្តស្រោចទឹក និងថែទាំនៅរាល់ពេលណាគាត់ឃើញគល់ដំណាំ ស្វាយចន្ទីជិតស្ងួតទឹក គាត់បូមទឹកស្រោចនៅគល់ឲ្យជោគ ធ្វើបែបនេះនៅរាល់ ២ ទៅ ៣សប្តាហ៍ម្តង ។ នៅដំណាក់កាលដំណាំអាយុចាប់ពី ១ឆ្នាំ ឡើងគាត់ធ្វើជីកំប៉ុស្តទឹក និងប្រើជីប៉ូវផ្សំពីរុក្ខជាតិ ដើម្បីជួយជំរុញដល់ការលូតលាស់របស់កូន ស្វាយចន្ទីបន្ថែម ។ ប្រភេទជីដែលគាត់ផ្សំមានដូចខាងក្រោម:
    - របៀបផ្សំជីកំប៉ុស្ត៍ទឹកmango-ty2
    ធាតុផ្សំជីកំប៉ុស្តទឹក: ជ្រើសរើសប្រភេទស្លឹកឈើស្រស់ និងទឹក ឬលាយទឹកនោម ។
    របៀបធ្វើ: ចិញ្ច្រាំស្លឹកឈើស្រស់ឲ្យល្អិតរួចយកទៅដាក់ នៅក្នុងពាង និងចាក់ទឹកពីលើ ។ រក្សាទុករហូតដល់រយៈពេល ២០ ទៅ ៣០ថ្ងៃ ទើបអាចយកទឹកជីនោះទៅប្រើប្រាស់បាន ។
    របៀបប្រើ : គឺយកទឹកជី១ លីត្រលាយជាមួយទឹកធម្មតា ២៥ ទៅ ៣០ លីត្រ ស្រោចទៅលើគល់ស្វាយចន្ទី ។
    - របៀបផ្សំជីជំនួយផ្លែ
    ធាតុផ្សំ : ជ្រើសរើសប្រភេទផ្លែឈើទុំចាប់ពី ៣មុខឡើងទៅចំនួន ៣គីឡូក្រាម និងទឹកស្កររងូ ១គីឡូក្រាម ។
    របៀបផ្សំ : យកផ្លែឈើទុំហាន់ឲ្យល្អិតៗ ។ យកធាតុផ្សំទៅច្របល់ឲ្យសព្វ រួចយកទៅដាក់នៅក្នុងកែវគ្របឲ្យជិតរក្សាទុករយៈពេលពី ១៥ថ្ថៃឡើងទៅអាចយកទៅប្រើបាន ។
    របៀបប្រើ : យកទឹកថ្នាំ ១ស្លាបព្រាបាយលាយទឹកចំនួន ១០លីត្រ ឬទឹកជី ១កំប៉ុងទឹកដោះគោ លាយទឹកចំនួន ២០០លីត្រ ។
    - ថ្នាំពុលធម្មជាតិសំលាប់សត្វកណ្តៀរ
    ធាតុផ្សំ : ម្ទេស ១ក្តាប់ដៃ ស្ករត្នោតរងូ ១លីត ទឹកខ្មេះ ១លីត្រ ស្រាស ១លីត្រ ។
    របៀបធ្វើ : យកម្ទេសទៅបុកឲ្យម៉ដ្ឋ លាយស្ករត្នោត ចាក់ទឹកចូល និងលាយបញ្ចូលគ្នាឲ្យសព្វ រួចយកទៅស្រោចនៅគល់ស្វាយចន្ទីណាដែលមានសត្វកណ្តៀរស៊ី (ក្នុងការផ្សំត្រូវប្រើស្រោមដៃ ដើម្បីជៀសវាងជាតិម្ទេសជាប់ដៃក្រហាយ) ។ ក្រៅពីប្រើថ្នាំធម្មជាតិ គាត់បានយកអំបិលទៅចាក់នៅគល់ស្វាយចន្ទី ដើម្បីបណ្តេញកណ្តៀរ ។
    ៣. លទ្ធផលទទួលបានmango-ty3
    ដំណាំស្វាយចន្ទីអាចប្រមូលផលបាននៅ អាយុចាប់ពី ១ឆ្នាំឡើងទៅ គ្រាន់តែបានផ្លែតិច ឬច្រើនតែប៉ុណ្ណោះ ។ ប៉ុន្តែចំពោះផ្លែដែលពេញល្អ គឺនៅអាយុ ៣ឆ្នាំ ក្នុងដើមស្វាយចន្ទីចំនួន ៩០០ ដើមគាត់អាចប្រមូលផលបាន ២,៥តោន (២៥០០គីឡូក្រាម) ឬប្រហែល ២-៣ គីឡូក្រាម ក្នុង ១ដើម ។ ដោយក្នុង ១គីឡូកាមលក់បាន ៣៩០០រៀល (តម្លៃនេះប្រែប្រួលទៅតាមឆ្នាំ) ។
    ៤. ការជ្រើសរើសពូជដាំបន
  • ជ្រើសរើសផ្លែទុំល្អ មានគ្រាប់រលោងល្អទុំនៅលើដើម
  • យកគ្រាប់ពូជទៅហាលថ្ងៃឲ្យស្ងួត
  • រក្សាទុកនៅក្នុងបាវ ឬស្មុគនៅកន្លែងដែលពុំមានសំណើមខ្លាំង និងស្ងួតខ្លាំង ។ ការរក្សាទុករហូតដល់ពេលដែលត្រូវយកគ្រាប់ទៅដាំ ។
៥. ចំណាប់អារម្មណ៍
ចំពោះការដាំដំណាំស្វាយចន្ទីនេះ គាត់មានចំណាប់អារម្មណ៍ថា វាមានការលំបាកនៅឆ្នាំដំបូង និងការថែទាំ ។ ប៉ុន្តែដំណាំនេះមិនធ្វើឲ្យមានភាពរវល់រាល់ថ្ងៃនោះទេក្នុង ១ឆ្នាំ លំបាកតែ ១ ទៅ ២ខែប៉ុណ្ណោះ ។ ដូចនេះគាត់យល់ឃើញថា ដំណាំនេះជាដំណាំដែលទទួលបានប្រាក់ចំណូល ប្រចាំឆ្នាំ។
សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំស្វាយចន្ទីមាន
  • ជីករណ្តៅដាំធំៗ ដើម្បីដាក់ជីធម្មជាតិនៅបាតរណ្តៅឲ្យបានច្រើន
  • ដាំដោយទុកចន្លោះគុម្ពឲ្យបានធំ
  • ថែទាំស្រោចទឹក លះមែក និងប្រើជីទឹកបំប៉នដើម បំប៉នគ្រាប់
  • ការពារកណ្តៀរស៊ីគល់ ដោយប្រើថ្នាំធម្មជាតិ និងប្រើអំបិល ។
  •  បទពិសោធន៍​ដាំ​ល្ហុង​ឲ្យបាន​ផ្លែ​ច្រើន​ អ្នក ​មីង សេង មួយ​ហៀក រស់នៅ​ភូមិ​ព្រែកអុង​ប៉ាវ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។ គាត់​មាន​បទពិសោធន៍​ដាំ​ល្ហុង​អស់​រយៈពេល ១០ ឆ្នាំ​មក ហើយ​នៅលើ​ដី ១៣ អារ ។ បទពិសោធន៍​នេះ​ជា​គំនិត​ច្នៃប្រឌិត​របស់​គាត់​ផ្ទាល់ ។ ក្នុង​មួយ​រដូវ​ប្រមូល​ផល​ម្តងៗ​គាត់​បេះ​បាន​ផ្លែ​សរុប​ប្រមាណ ១០ តោន ហើយ​ទទួល​ប្រាក់​ចំណេ​ញដុល​ប្រមាណ ២ លាន​រៀល ។​
    ១. ​ការជ្រើសរើស​ពូជ ​និង​ការត្រៀម​ពូជ​ដាំ​
    ​ល្ហុង​ដែល​ គាត់​ដាំ ជា​ពូជ​ដែល​ជ្រើសរើស និង​រក្សា​ទុក​ដោយ​ខ្លួនឯង ។ ចំពោះ​លក្ខណៈ​ពូជ​ដែល​គាត់​ជ្រើសរើស​មាន​ផ្លែ​ធំ​វែង ផ្លែ​ច្រើ​មិនដាច់ដើម​មាន​សុខភាព​ល្អ ។ នៅពេល​ដែល​ផ្លែ​ទុំ​ល្អ គាត់​ពុះ​យក​គ្រាប់​ចេញពី​ផ្លែ​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​រំអិល រួច​យក​ទៅ​ហាល ឬសំដិល​រហូត​ស្ងួត (២-៣ ថ្ងៃ) ទើប​យក​ទៅ​ច្រក​កែវ​ទុក ។​
    ២.​ ការ​បណ្តុះ​កូន
    ​គាត់​បាន​យក​ គ្រាប់​ទៅ​បណ្តុះ មុន​នឹង​យកទៅ​ដាក់​ដាំ​ក្នុង​ចំការ ។ គាត់​យក​ដី​ដែល​មាន​ជីជាតិ​ច្រកចូល​ក្នុង​ថង់​ប្លា​ស្ទិក​ខ្មៅ​ដែល​ត្រៀម​ រួចជាស្រេច បន្ទាប់មក​យក​គ្រាប់​ទៅ​ត្រាំ​ទឹក​រយៈពេល ២ ថ្ងៃ និង​ផ្អាប់​ទុក​រយៈពេល ៧ ថ្ងៃ (ឲ្យ​ដុះ​ពន្លក​សៗ) ទើប​យក​ទៅ​ដាក់​ដាំ​នៅក្នុង​ថង់​ពី ៣-៤ គ្រាប់ ក្នុង ១ ថង់ ។ ក្រោយ​ពី​ដាក់​គ្រាប់​បណ្តុះ​ហើយ គាត់​ស្រោច​ទឹក​ឲ្យ​ជោគ​រៀងរាល់ថ្ងៃ ដើម្បី​ឲ្យ​កូន​ល្ហុង​លូតលាស់​ល្អ ។ ចំពោះ​ថ្នាល​បណ្តុះ​កូន គាត់​បាន​ប្រក់​រោង​សំណាញ់​ដើម្បី​កុំ​ឲ្យ​កូន​ល្ហុង​ត្រូវ​ពន្លឺ​ខ្លាំងពេក ។​
    ៣.​ការរៀបចំ​ដី​ដាំ
    ​ក្នុង​ ការរៀបចំ​ដី​ដាំ គាត់​ភ្ជួរហាល​ដី ៤-៥​លើក ដោយ​ចន្លោះ​ពី​មួយ​លើក​ទៅ​មួយ​លើក​មាន​រយៈពេល ១០ ថ្ងៃ ។ នៅពេល​ភ្ជួរ​លើ​ក​ទី ១ គាត់​បាន​ដាក់​ជីលា​មក​សត្វ​ពុកផុយ ១,៥ ទៅ ២ តោន ភ្ជួរ​លុប​លើ​ផ្ទៃដី ១៣ អារ ។ ក្រោយ​ពី​ភ្ជួរ​រាស់​ហាល​ដី រួច​គាត់​លើក​ជា​រង​ដែល​មាន​ទទឹង ១,៥ ម៉ែត្រ បណ្តោយ​ទៅតាម​ស្ថានភាព​ដី ។ នៅលើ​រង គាត់​ជីករណ្តៅ​ជា​ជួរ​រណ្តៅ និ​មួយៗ​ទំហំ ៣ តឹក​បួន​ជ្រុង និង​ជំរៅ ៣ តឹក ដោយ​ទុក​ចន្លោះ​ពីរ​រណ្តៅ​មួយ​ទៅមួយ ២,៥ ម៉ែត្រ ។ នៅក្នុង​រណ្តៅ​និមួយៗ គាត់​ដាក់​ជីលា​មក​សត្វ​ពុកផុយ​ច្របល់​ជាមួយ​ដី​ឲ្យ​សព្វ ។​
    ៤.​ការដាំ​
    ​​គាត់​ ចាប់ផ្តើម​យក​កូន​ល្ហុង​ទៅ​ដាំ​នៅ​ចុងខែ​មេសា ឬដើ​ម​ខែ​ឧសភា ដែល​ជា​ដើមរដូវ ដើម្បី​កាត់បន្ថយ​ការ​ស្រោច​ទឹក ។ កូន​ល្ហុង​ដែល​គាត់​យក​មក​ដាំ​មាន​អាយុ ៤៥ ថ្ងៃ គាត់​បាន​ហែក​ថង់​ចេញ រួច​ដាក់​ក្នុង​រណ្តៅ បន្ទាប់មក​យក​ដី​នៅ​មាត់​រណ្តៅ​លុប​សង្កត់​ឲ្យ​ណែន រួច​យក​កំទេច​ចំបើង​គ្រប​ជុំវិញ​គល់ និង​ស្រោច​ទឹក​ឲ្យ​ជោគ ។ ក្នុង​មួយ​រណ្តៅ​ដាំ​មួយ​ដើម ដោយ​ជ្រើសរើស​យក​តែ​កូន​ល្ហុង​ដែល​មាន​សុខភាព​ល្អ ។​
    ៥.​ការថែទាំ​
    ​នៅពេល​ ល្ហុងនៅ​តូច គាត់​ស្រោច​ទឹក ១ ថ្ងៃ​ម្តង ដោយ​ប្រើ​ទុយ​យោ​បាញ់​នៅលើ​ស្លឹក​រហូត​ដល់​ល្ហុង​ធំ​ចេញ​ផ្កា​គាត់​បញ្ចូល​ ទឹក​នៅ​តាម​ចន្លោះ​រង ៣ ថ្ងៃ​ម្តង លៃ​យ៉ាងណា​កុំ​ឲ្យ​ដី​ស្ងួត​ពេក ឬ​សើម​ពេក ។ ក្រៅ​ពី​ការ​ស្រោច​ទឹក គាត់​ឧស្សាហ៍​ពូន​គល់ គឺ​នៅ​ពេល​ដែល​សង្កេត​ឃើញ​ឫស​ល្ហុង​មួយចំនួន​ដុះ​លើ​ផ្ទៃដី និង​ក្រោយ​ការប្រមូល​ផល​លើក​ទី ២ ។ ល្ហុង​ជា​ដំណាំ​ដែល​ត្រូវការ​ពន្លឺ​ថ្ងៃ​ដូច្នេះ​គាត់​បាន​កាច់​មែក​ងាប់ៗ​ នៅ​ក្បែរ​គល់​ប្រមូល​ចោល និង​ធ្វើ​ស្មៅ​ក្បែរ​គល់ ដើម្បី​កុំឲ្យ​មាន​ភាព​ស៊ុបទ្រុប​ឲ្យ​ពន្លឺ​ចាំង​ចូល​គ្រប់គ្រាន់ ។ អ្នក​មីង​បាន​ប្រើ​ជី​កែង ចំនួន ៥ គីឡូក្រាម សម្រាប់​បំប៉ន​ដោយ​ដាក់​នៅ​ក្បែរ​គល់​មួយ​រណ្តៅ​បន្តិចៗ ។​
    ​​ក្នុង​ ការដាំ​ល្ហុង​នេះ គាត់​តែង​ជួបប្រទះ​នូវ​សត្វល្អិត និង​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​រលួយ​គល់ ធ្វើឲ្យ​ស្លឹក​ស្រ​ពោន រលួយ​ឫស និង​គល់​ត្រឹម​ស្មើ​ដី​តែម្តង ជំងឺ​ពុក​ឫសកែវ​ធ្វើឲ្យ​ស្លឹក​ឡើង​លឿង និង​បញ្ឈប់​ការចេញ​ផ្លែ ជំងឺឆ្កួត​ត្រួយ ធ្វើឲ្យ​ត្រួយ​រួញ ហើយ​ផ្អាក​ការចេញ​ផ្លែ ។
    ​ចំពោះ​ វិធានការណ៍​កំចាត់ បើ​ល្ហុង​នៅ​តូច​គាត់ ដក​ដើម​ចោល ឬ កាត់​ស្លឹក ឬ ត្រួយ​ដែល​កើត​ជំងឺ​ចោល ។ ចំពោះ​សត្វល្អិត​មាន​ក្រា​មរោម​ផ្លែ ដែល​ធ្វើ​ឲ្យ​ផ្លែ​មិនសូវ​លូតលាស់ ហើយ​គ្មាន​រសជាតិ ។ ករណី​សត្វ​ក្រា​រោម​ផ្លែ​គាត់​មិនទាន់ មាន​វិធានការណ៍​កំចាត់​ទេ ប៉ុន្តែ​វា​កើត​មាន​តិចតួច ប៉ុណ្ណោះ​ក្នុង​ចំការ​របស់​គាត់ ។
    ផ្លែ​ល្ហុង​ខ្ចី​ដែល​បេះ​ត្រៀម​យកទៅលក់​
    ៦.​ការប្រមូល​ផល​
    ​ក្រោយ​ពេល​ ដាំ​បាន​រយៈពេល ៥​ខែ គាត់​ប្រមូល​ផល​ផ្លែ​ល្ហុង​ចាស់​លក់ ។ ការ​បេះ ធ្វើ​ឡើង​បន្ត​បន្ទាប់​ក្នុង​រយៈពេល ៦​ខែ ទៅ ១​ឆ្នាំ ក្រោយ​ពី​បេះ​លើក​ទី ១ រហូត​ដល់​ខ្សោយ ទើប​គាត់​កាប់​ដើម​ចាស់ចោល និង​ដាំ​ថ្មី​ឡើងវិញ ។ តាម​ការប៉ាន់ស្មាន​របស់គាត់ ជា​សរុប​គាត់​បេះ​លក់បាន​ប្រមាណ ១២ តោន (​ល្ហុង​ខ្ចី​) ។ ហើយ​បើ​ទូទាត់​លើ​ការចំណាយ គាត់​ទទួលបាន​ចំណូល​សុទ្ធ ២-៣ លាន​រៀល។
    papaya2
    ទិដ្ឋភាព​ផ្លែ​ល្ហុង​ដែលបំផ្លាញ​ដោយ​សត្វ​ក្រា
    ៧.​ចំណាប់អារម្មណ៍​របស់​កសិករ​
    ​អ្នក​មីង​មាន ​ចំណាប់​អារម្មណ៍​ថា គាត់​ពេញចិត្ត​នឹង​ទិន្នផល​ដែល​គាត់​ទទួលបាន ។ ការដាំ​ល្ហុង​ចំណាយ​ពេល​ថែទាំ​តិច​ជាង​ការដាំ​បន្លែ រីឯ​ផល​ដែល​បាន​មក​ងាយស្រួល​លក់ ហើយ​គាត់​សង្ឃឹមថា ទៅ​ថ្ងៃមុខ គាត់​នឹង​អាច​ទទួលបាន​នូវ​បច្ចេកទេស​ថ្មីល្អៗ មក​អនុវត្តន៍​លើ​ចំការ​របស់​គាត់ ដើម្បីឲ្យ​ទទួលផល​កាន់​តែ​ខ្ពស់ ។​
    ​សរុបមក បច្ចេកទេស​សំខាន់ៗ ក្នុង​ការដាំ​ល្ហុង​មាន​:
  • ជ្រើសរើស​ពូជ​ដែល​មាន​ផ្លែ​ធំ​វែង និង​ទុំ​ល្អ​ទុក​ធ្វើ​ពូជ
  • បណ្តុះ​គ្រាប់ និង​ថែទាំ​ឲ្យ​កូន​ល្ហុង​មាន​សុខភាព​ល្អ មុន​យកទៅ​ដាំ​ក្នុង​ចំការ
  • ភ្ជួរ​ដី​ហាល​ច្រើនសារ​ឲ្យ​ដី​ធូរ និង​ស្ងួត​ទឹក
  • រៀបចំ​រណ្តៅ​ជា​ជួរ​ដាំ​នៅពេល​មាន​អាយុ ៤៥ ថ្ងៃ ដោយ​ជ្រើសរើស​តែ​កូន​មាន​សុខភាព​ល្អ​
  • ថែទាំ​គ្រប់​គល់ ពូន​គល់ បោច​ស្មៅ និង​កាច់​ស្លឹក​ងាប់ៗ​នៅ​ខាងក្រោម​ចោល​ស្រោច​ទឹក​ពេល​ល្ហុង​នៅ​តូច និង ៣ ថ្ងៃ​ម្តង ពេល​ផ្កា ។​

No comments:

Post a Comment